Partner im RedaktionsNetzwerk Deutschland

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Podcast ទស្សនៈព្រឹត្តិការណ៍ពិភពលោក
Podcast ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

hinzufügen

Verfügbare Folgen

5 von 24
  • Giec៖ពិភពលោកនៅមានមធ្យោបាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅនៅក្នុងបរិយាកាស តែត្រូវមានឆន្ទៈនយោបាយម៉ឺងម៉ាត់
    នៅ​ថ្ងៃ​ចន្ទ ទី២០ មីនា ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ Giec បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ។ របាយការណ៍​ដែល​មាន​កម្រាស់ ១០០០ទំព័រ​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​សិក្សា ស្រាវជ្រាវ​អស់​រយៈពេល ៩ឆ្នាំ។ គួរ​បញ្ជាក់​ថា Giec បាន​ចេញ​ផ្សាយ​របាយការណ៍​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ ២០១៤។ តែ​សម្រាប់​របាយការណ៍​ឆ្នាំ ២០២៣ នេះ Giec បាន​ទាញ​សញ្ញា​អាសន្ន​ពី​កំណើន​កម្តៅ​លើ​ភពផែនដី​ដែល​ពិភពលោក​ត្រូវ​រួសរាន់​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន​លឿន​បំផុត។ តាម Giec ពិភពលោក​មាន​មធ្យោបាយ តែ​អ្វី​ដែល​កំពុង​ខ្វះ គឺ​ឆន្ទៈ​នយោបាយ​ម៉ឺងម៉ាត់។ ចាប់​ពី​ពេល​នេះ​ត ទៅ និង​ជាង​ពេល​ណាៗ​ទាំង​អស់ ការ​ពិត​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ផលវិបាក​របស់​វា​ចំពោះ​ជីវិត​នៅ​លើ​ភពផែនដី​របស់​យើង​លែង​ជា​អាថ៍កំបាំង និង​ប្រហែល​ជា​គ្មាន​អ្នក​ណា​ម្នាក់​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ទេ។ លែង​ជា​អាថ៍កំបាំង និង​មិន​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ដោយសារ​តែ​កម្តៅ​លើ​ភពផែនដី​កំពុង​ធ្វើ​ដំណើរ​មិន​ចំ​ផ្លូវ ឬ​នៅ​លើ​ផ្លូវអាក្រក់។ ស្ថានភាព​បែប​នេះ​ធ្លាប់​ត្រូវ​បាន Giec ទាញ​សញ្ញា​អាសន្ន​ម្តង​ហើយ​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៤។ តែ​នៅ ៩ឆ្នាំ​ក្រោយ​មក ពោល​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០២៣ នេះ ស្ថានភាព​ហាក់​បាន​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត ឬ​និយាយ​បែប​ផ្សេង ការ​ដើរ​ចេញ​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ​កំពុង​មាន​គម្លាត​កាន់​តែ​ឆ្ងាយ​ថែម​ទៀត។ នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០២៣ Giec បាន​បញ្ជាក់​ក្នុង​ន័យ​ព្រមាន​ថា ចាប់​ពី​ឆ្នាំ ២០៣០ ២០៣៥ ទៅ កម្តៅ​លើ​ភពផែនដី​នឹង​កើន ១,៥អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម។ តាម Giec សីតុណ្ហភាព​ជា​មធ្យម​នា​ពេល​បច្ចុប្បន្ន​បាន​កើន​ឡើង ១,២អង្សារ​រួច​ទៅ​ហើយ។ ចំណែក​ដើមចម​ដែល​បាន​ធ្វើ​ឲ្យ​ភពផែនដី​បន្ត​ឡើង​កម្តៅ​មិន​ត្រូវ​បាន Giec ពិចារណា​ស្វែង​រក​យូរ​ទេ គឺ​យើង​គ្រប់​គ្នា​ដែល​កំពុង​រស់នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ​ឯង ឬ​និយាយ​ឲ្យ​ស្រួល​យល់ គឺ​សកម្មភាព​របស់​មនុស្ស។ ដើមចម​នៃ​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​ដែល Giec ចង់​ផ្តោត​សំខាន់​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០២៣ របស់​ខ្លួន គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ថាមពលផូស៊ីល​បាន​ពី​ការ​ប្រើ​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន។ កំណើន​ឧស្ម័ន​ផ្ទះកញ្ចក់​កើត​ចេញ​ពី​ការ​ប្រើ​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​បាន​កើន​ឡើង​ដល់​ទៅ ៥៩ ០០០លានតោន។ តែ Giec បាន​កត់សម្គាល់​ឃើញ​ថា ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ការ​ចាក់​ចោល​ឧស្ម័ន​ផ្ទះកញ្ចក់​មាន​បរិមាណ​មិន​ដូច​គ្នា​ទេ​ដោយ​អាស្រ័យ​លើ​កម្រិត​ប្រាក់ចំណូល​របស់​ប្រទេស​នីមួយៗ។ អ្វី​ដែល Giec ចង់​និយាយ​នេះ​គឺ​ថា ក្រុម​ប្រទេស​អ្នក​មាន ឬ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​បាន​ចាក់​ចោល​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាង​ក្រុម​ប្រទេស​អ្នកក្រ ឬ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ តែ​ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ មាន​មនុស្សលោក​ជិត​ពាក់កណ្តាល ពោល​មាន​ពី ៣ ៣០០លាន​ទៅ ៣ ៦០០លាននាក់​កំពុង​រស់​ក្នុង​បរិបទ​ងាយ​រងគ្រោះ​ខ្លាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ពេល​ដែល​គេ​និយាយ​ពី​ការ​ប្រែប្រួល​អាកាសធាតុ គេ​មិន​អាច​មិន​និយាយ​បាន​ឡើយ​ពី​ផលវិបាក​របស់​វា​ដែល​មាន​ច្រើន រួម​មាន អសន្តិសុខ​ស្បៀងអាហារ គ្រោះ​រាំងស្ងួត គ្រោះ​ទឹកជំនន់ ការ​ខ្វះទឹក​ប្រើប្រាស់ អត្រា​មរណៈ​ខ្ពស់ ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ចម្លង​ជំងឺ និង​ការ​បម្លាស់ទី​របស់​ប្រជាជន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ល។ និង ។ល។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ មាន​ផលវិបាក​ខ្លះ​នឹង​គ្មាន​ថ្ងៃ​ដែល​អាច​ស្រោចស្រង់​វិញ​បាន​ឡើយ។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​រួម​គ្នា​ចាត់​វិធានការ​ទប់ស្កាត់​នឹង​ការ​ឡើង​កម្តៅ​លើ​ភព​ផែនដី។ ជា​រឿង​បន្ទាន់ ព្រោះ​ការ​ឡើង​កម្តៅ​បន្ថែម​ត្រឹម​ចំនួន ១អង្សារ ឬ​តិច​ជាង​នេះ គ្រោះ​មហន្តរាយ​ចំពោះ​ផែនដី និង​មនុស្ស​លោក​នឹង​មាន​ធំធេង​ខ្លាំង​ណាស់ នេះ​ជា​ការ​ព្រមាន​របស់ Giec។ តើ​វា​មិន​យឺត​ពេល​ពេក​ទេ ឬ​ដើម្បី​ទប់ស្កាត់?។ មិន​ទាន់​យឺត​ពេល​ទេ តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​លឿន និង​ឲ្យ​បាន​សកម្ម​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់។ សម្រាប់​ប្រធាន Giec លោក​ហូស៊ុង លី របាយការណ៍​ឆ្នាំ ២០២៣ នេះ​ជា​សារ​នៃ​ក្តីសង្ឃឹម​ដើម្បី​ដោះស្រាយ​គ្រប់​បញ្ហា​អាកាសធាតុ។ តាម​លោក​ហូស៊ុង លី ពិភពលោក​នៅ​មាន​សំណាង​អាច​ទប់​ស្កាត់​កុំ​ឲ្យ​កម្តៅ​លើ​ភពផែនដី​កើន​លើស​ពី ១,៥អង្សា​ធៀប​នឹង​មុន​សម័យ​ឧស្សាហកម្ម​ដែល​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ COP២១។តែ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ​មួយ​នេះ​បាន គេ​ត្រូវ​កាត់​បន្ថយ​ការ​ចាក់​ចោល​ឧស្ម័ន​ផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​ឲ្យ​បាន ៤៨% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ធៀប​នឹង​ឆ្នាំ ២០១៩។ នៅ​ក្នុង​ន័យ​នេះ ពិភពលោក​ត្រូវ​កាត់​បន្ថយ​ការ​ប្រើ​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន​ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដល់​ទៅ ៨០%។ តែ​បើ​ចង់​បន្ត​ប្រើ​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន​ដោយសារ​តែ​គ្មាន​ជម្រើស​ផ្សេង គឺ​ត្រូវ​រក​វិធីសាស្រ្ត​ដោយ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ស្រូប និង​ស្តុក​ឧស្ម័ន​ផ្ទះកញ្ចក់។ ទន្ទឹម​គ្នា​នេះ ថ្នាក់ដឹកនាំ​នយោបាយ​គ្រប់​ប្រទេស​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ក្នុង​បញ្ហា​អាកាសធាតុ និង​ត្រូវ​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់​នៅ​ក្នុង​ករណី​នេះ គឺ​ការ​គិតគូរ​ឡើង​វិញ​ពី​របៀប​រស់នៅ​នា​ពេល​ខាង​មុខ ដូច​ជា​ការ​ប្តូរ​ចំណីអាហារ ឬ​ការ​ប្តូរ​របៀប​ធ្វើ​ដំណើរ​ជា​ដើម។ ក្រៅ​ពី​នេះ ជម្រើស​នៃ​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​ជា​រឿង​មួយ​ដែល​ត្រូវ​គិតគូរ​ដែរ។ Giec យល់​ថា ការ​ចំណាយ​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​នឹង​មាន​ទឹកប្រាក់​តិច​ជាង​ការ​ចំណាយ​ដើម្បី​ស្តារ​គ្រោះមហន្តរាយ​ដែល​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ អ្វី​ដែល Giec ចង់​និយាយ ការពារ​ប្រសើរ​ជាង​ព្យាបាល។ សរុប​មក​វិញ អ្វីៗ​មិន​ទាន់​យឺត​ពេល​ទេ ព្រោះ​ពិភពលោក​មាន​លទ្ធភាព មធ្យោបាយ និង​ចំណេះ​ដឹង​គ្រប់​បែប​យ៉ាង​ដើម្បី​ទប់​នឹង​ស្កាត់​នឹង​ការ​ឡើង​កម្តៅ​លើ​ភពផែនដី។ តែ​អ្វី​ដែល​កំពុង​ខ្វះ​មាន​តែ​មួយ​គត់ គឺ​ឆន្ទៈនយោបាយ​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ​គ្រប់​ប្រទេស​ទាំង​អស់។ មិន​ថា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​អ្នកក្រ ផែនដី​ជា​ជម្រក​រួម​ដែល​ទាំង​អស់​គ្នា​មាន​កាតព្វកិច្ច​ចូលរួម​ថែ​រក្សា និង​ការពារ៕
    3/21/2023
    6:32
  • ២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថានការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ?
    ថ្ងៃទី២០ មីនា ឆ្នាំ ២០២៣ ជា​ខួប ២០ឆ្នាំ​នៃ​ការ​វាយប្រហារ​របស់​អាមេរិក រួម​ជា​មួយ​អង់គ្លេស​​លើ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ហេតុផល​នៃ​ការ​លើក​ឡើង​របស់​រដ្ឋបាល​អាមេរិក​នា​ជំនាន់​ប្រធានាធិបតី George W. Bush កាល​ណោះ គឺ​មក​ពី​របប​អ៊ីរ៉ាក់​របស់​ប្រធានាធិបតី​សាដាម ហ៊ូសេន​មាន​អាវុធ​ប្រល័យ​លោក។ ប្រតិបត្តិការ​យោធា​របស់​អាមេរិក និង​អង់គ្លេស​បាន​ទម្លាក់​របប​សាដាម ហ៊ូសេន និង​មិន​បាន​រក​ឃើញ​អាវុធ​ប្រល័យលោក​ទេ។ ផ្ទុយ​ទៅ​វិញ សង្រ្គាម​មួយ​នេះ​បាន​រុញ​អ៊ីរ៉ាក់​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ និង​វិបត្តិ​ជា​បន្តបន្ទាប់​មក​ដល់​សព្វថ្ងៃ។ អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ទ័ពអាមេរិក​ចំនួន ១៥០ ០០០នាក់ និង​ទ័ព​អង់គ្លេស​ចំនួន ៤០ ០០០នាក់​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ដូច​ផ្លេកបន្ទោ​លើ​អ៊ីរ៉ាក់​ដែល​គេ​ហៅ​ជា​ប្រតិបត្តិការ« សេរីភាព​អ៊ីរ៉ាក់ »។ ក្នុង​រយៈពេល​តែ ៣សប្តាហ៍ ប្រតិបត្តិការ « សេរីភាព​អ៊ីរ៉ាក់ » របស់​អាមេរិក និង​អង់គ្លេស​បាន​ផ្តួល​រំលំ​របប​សាដាម ហ៊ូសេន ហើយ​ក្នុង​ថ្ងៃទី៩ មេសា ឆ្នាំ ២០០៣ ដដែល អាមេរិក​បាន​ចូល​គ្រប់គ្រង​ក្រុង​បាកដាដ។ របប​សាដាម ហ៊ូសេន​មាន​អាវុធប្រល័យលោក នេះ​ជា​ហេតុផល​តែ​មួយ​គត់​ដែល​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី George W. Bush បាន​បង្ហាញ​ពិភពលោក​ដើម្បី​កំចាត់​របប​សាដាម ហ៊ូសេន។ តែ​បញ្ហា​នៅ​ត្រង់​ថា គ្មាន​អាវុធ​ប្រល័យលោក​ធុន​ណា​មួយ​ត្រូវ​បាន​អាមេរិក​រក​ឃើញ​នៅ​ក្រោយ​ការ​ដួល​រលំ​របប​សាដាម ហ៊ូសេន ហើយ​នៅ ២០ឆ្នាំ​ក្រោយ​មក អាមេរិក​នៅ​តែ​រក​មិន​ឃើញ​អាវុធ​ប្រល័យ​លោក​របស់​សាដាម ហ៊ូសេន​ដដែល។ ផ្ទុយ​ទៅ​វិញ និង​អ្វី​ដែល​ជា​លទ្ធផល​កើត​ចេញ​ពី​ប្រតិបត្តិការ​វាយប្រហារ​អ៊ីរ៉ាក់​របស់​អាមេរិក​ក្នុង​ឆ្នាំ ២០០៣ គឺ​ជា​ការ​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នូវ​សម័យកាល​ក្រឡាប់​ចាក់ និង​បង្ហូរ​ឈាម​ដែល​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រពែក្ស​មួយ​នេះ​មិន​ធា្លប់​ជួប​ប្រទះ​នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន​ទេ។ ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​ហែកហួរ​ផ្ទៃក្នុង​គួរ​ឲ្យ​រន្ធត់​នៅ​ចន្លោះ​ឆ្នាំ ២០០៦ និង ២០០៨។ បន្ទាប់​មក ទឹកដី​មួយ​ភាគ​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០១១ ទើប​អាមេរិក​បាន​សម្រេច​ដក​ទ័ព​ចេញ​ពី​អ៊ីរ៉ាក់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា សង្រ្គាម​អាមេរិក​នៅ​អ៊ីរ៉ាក់​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១១ បាន​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ីវិលអ៊ីរ៉ាក់​ជាង ១០០ ០០០នាក់ ហើយ​អាមេរិក​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ទាហាន​អាមេរិក​ជិត ៤ ៥០០នាក់។ ថ្ងៃ​នេះ និង ២០ឆ្នាំ​ក្រោយ​មក រដ្ឋអំណាច​អ៊ីរ៉ាក់​មិន​ថា​ថ្នាក់​សហព័ន្ធ និង​ថ្នាក់​តំបន់​ទេ គឺ​មិន​បាន​គ្រោង​រៀបចំ​ពិធី​អ្វី​សម្រាប់​ខួប ២០ឆ្នាំ​នៃ​ការ​ចូល​ឈ្លានពាន​របស់​អាមេរិក​ឡើយ។ មួយ​វិញ​ទៀត នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​លោក Mohamed Chia al-Soudani មិន​បាន​លើក​ឡើង​ជា​សាធារណៈ​ពី​ការ​ឈ្លានពាន​របស់​អាមេរិក​ទេ តែ​ជា​ការ​ដួលរលំ​របប​ផ្តាច់ការ​សាដាម ហ៊ូសេន។ សម្រាប់​លោក Mohamed Chia al-Soudani អ៊ីរ៉ាក់​រម្លឹក​ថ្ងៃ​នេះ​នូវ​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្លួន​ដោយសារ​សង្រ្គាម​គ្មាន​ន័យ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ គេ​អាច​និយាយ​បាន​ជា​រួម​ថា​សព្វថ្ងៃ អ៊ីរ៉ាក់​ហាក់​បាន​រក​ឃើញ​ឡើង​វិញ​ខ្លះៗ​នូវ​ស្ថានភាព​ប្រក្រតី​របស់​ខ្លួន។ ការ​បោះឆ្នោត​ត្រូវ​បាន​រៀបចំ​ច្រើន​ដង​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ច្រើន ហើយ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ធានា។ តែ​នេះ​គ្រាន់​ជា​ទ្រឹស្តី​ប៉ុណ្ណោះ ព្រោះ​ការ​អនុវត្តន៍​ជាក់ស្តែង​ជា​រឿង​ផ្សេង និង​ស្មុគស្មាញ​ខ្លាំង​ណាស់។ នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​តុលា ឆ្នាំ ២០២១ ការ​ជជែក​ដេញ​ដោល តថ្លៃ​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ប្រើ​ពេល​រហូត​ដល់​ទៅ​មួយ​ឆ្នាំ។ ចំណែក​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​អ៊ីរ៉ាក់​បាន​រៀបរាប់​ពី​បរិយាកាស​អាប់អួរ និង​បំភ័យ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ក្រៅ​ពី​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដែល​មាន​តែ​សំបក​ក្រៅ នៅ​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ៊ីរ៉ាក់​បាន និង​កំពុង​បន្ត​ជួប​ប្រទះ ក្នុង​នោះ​មាន​អំពើពុករលួយ ការ​ធ្វេសប្រហែស​របស់​ថ្នាក់ដឹកនាំ ការ​តស៊ូ​មិន​ស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ​ដើម្បី​អំណាច និង​ឥទ្ធិពល​របស់​ប្រទេស​ជិតខាង​ធំៗ ពិសេស​អ៊ីរ៉ង់។ តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល Transparency Internationa អ៊ីរ៉ាក់​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១៥៧​នៃ​ចំណោម​១៨០ប្រទេស​ពុករលួយ។ ក្នុង​ចំណោម​រដ្ឋាភិបាល​ដែល​បាន​ឡើង​កាន់​អំណាច​បន្តបន្ទាប់​គ្នា​តាំង​ពី​ឆ្នាំ ២០០៣ គ្មាន​រដ្ឋាភិបាល​ណា​មួយ​អាច​កំចាត់​អំពើពុករលួយ​ស៊ីរូង​ផ្ទៃក្នុង​ប្រទេស​បាន​ទេ ពិសេស​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​សេវាសាធារណៈ។ គ្មាន​រដ្ឋាភិបាល​ណា​មួយ​បាន​យក​ចិត្ត​ទុក​ដាក់ និង​គិត​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ​ទេ។ ប្រជាជន​ត្រូវ​បាន​គេ​ទុក​ចោល​ឲ្យ​ស្វែង​រក​ជោគវាសនា​អនាគត​ដោយ​ខ្លួន​ឯង។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​សម្បូរ​ប្រេង មាន​ប្រជាជន​ដល់​ទៅ ១ភាគ៣ កំពុង​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​សម្បូរ​ប្រេងតែ​បែរ​ជា​ខ្វះ​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ទៅ​វិញ ហើយ​មាន​ពេល​ខ្លះ ការ​ដាច់​ភ្លើង​មាន​រយៈពេល​ដល់​ទៅ ១២ម៉ោង​ឯណោះ។ ២០ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​របប​សាដាម ហ៊ូសេន អ៊ីរ៉ាក់​ហាក់​កំពុង​ស្ថិត​ឆ្ងាយ​ពី​ការ​ពិត និង​ពី​ក្តី​រំពឹង​ទុក។ ការ​ពី ២០ឆ្នាំ​មុន ពលរដ្ឋ​អ៊ីរ៉ាក់​ទូទៅ​បាន​សាទរ និង​ត្រេកត្រអាល​នឹង​ការ​ដួល​រលំ​របប​សាដាម ហ៊ូសេន​ដោយ​គិត​ថា អនាគត​ក្រោយ​សាដាម ហ៊ូសេន​នឹង​រុងរឿង​ថ្លៃថ្លា។ តែ​ពេល​នេះ និង ២០ឆ្នាំ​ក្រោយ​មក ពលរដ្ឋ​អ៊ីរ៉ាក់​បែរ​ជា​កំពុង​រង​ការ​ឈឺចាប់ និង​ទុក្ខវេទនា​ទៅ​វិញ ហើយ​មាន​អ្នក​ខ្លះ​ស្តាយ​ក្រោយ​ថា បើ​ទុក​របប​សាដាម ហ៊ូសេន​ប្រហែល​ជា​គ្រាន់​បើ​ជាង​របប​សព្វថ្ងៃ៕
    3/20/2023
    5:46
  • តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣?
    វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ព្រោះតែកម្ពុជាត្រូវប្រឈមវិបត្តិសកលនានា។ តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣? ហើយតើអ្វីជាបទពិសោធទាញចេញពីវិបត្តិអចលនទ្រព្យនៅកម្ពុជាកាលពីឆ្នាំ២០០៨? វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយទំនងមិនអាចងើបមកមានកំណើនខ្ពស់ដូចពីមុនវិ​បត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដមានកំណើនយឺតយ៉ាវ ក្នុងរយៈពេលយូរជាងការរំពឹងទុក។ វិស័យអចលនទ្រព្យ និងការរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ផ្អែកតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងនៅវេទិកា​សាធារណៈ​ស្ដីពីការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ និង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៣ កាលពីចុងខែមករាឆ្នាំនេះ វិស័យ​សំណង់ ​និង​អចលនទ្រព្យ​ត្រូវ​គេព្យាករណ៍​ថា ​ងើប​ឡើង​យឺត​ក្នុង​ឆ្នាំ​២០២៣។ ​វិស័យ​នេះរួមចំណែកក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងអត្រាប្រមាណ ​១០​ភាគរយ​ក្នុង​មួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៣ វិស័យសំណង់ និងវិស័យអចលនទ្រព្យ មានកំណើនត្រឹមតែនៅរង្វង់ ១,១ភាគរយ ឬ១,២ភាគរយប៉ុណ្ណោះ។ ជាតម្លៃបន្ថែម វិស័យសំណង់ និងអចលនទ្រព្យមានទំហំ១៥%នៃទំហំសេដ្ឋកិច្ចជាតិ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលនឹងភាគីពាក់ពន្ធ័នឹងពិភាក្សារិះរិកវិធានការជាដំណោះស្រាយយ៉ាងណាកុំអោយវិស័យនេះដួលរលំដោយសារខ្វះឥណទាន។ ភាគីពាក់ពន្ធ័ទាំងនោះមានដូចជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អាជ្ញាធរអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងនិយតករអចលនទ្រព្យ។ តើអ្វីជាកត្តាជំរុញឱ្យវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកើនឡើង ក្រោយវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨? ប្រភពហិរញ្ញប្បទាន ឬគេស្គាល់សាមញ្ញាថា កម្ចី ដែលមានអត្រាការប្រាក់ទាប និងមានការប្រកួតប្រជែងគ្នារវាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាកត្តាចម្បងសម្រាប់កំណើនអចលនទ្រព្យ។ នៅពេលការប្រាក់កម្ចីមានកម្រិតទាប ប្រជាជនមាននិន្នាការប្រើប្រាស់កម្ចី ដើម្បីទិញរបស់ប្រើប្រាស់ រួមទាំងសេវាបង់រំលោះផ្ទះ ដី និងរបស់ប្រើប្រាស់ផ្សេងៗ។ ក្រៅពីនេះ កត្តាចម្បងផ្សេងៗ រួមមាន ការកើនឡើងនៃចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យម ការកើនឡើងចំនួនប្រជាជនដែលទើបរៀបការថ្មីថ្មោង និងការធ្វើចំណាកស្រុករបស់ប្រជាជនកាន់តែច្រើនពីតាមបណ្ដាខេត្តមកទីក្រុង ជាពិសេសគឺទីក្រុងភ្នំពេញ គឺជាកត្តាចម្បងដែលជំរុញឱ្យកំណើនតម្រូវការអចលនទ្រព្យ លំនៅដ្ឋាន និងដីធ្លីពាណិជ្ជកម្មបន្ដកើនឡើង។ នៅពេលនិន្នាការមនុស្សទៅរស់នៅទីណា នោះតម្លៃដីធ្លីនៅទីនោះនឹងកើនឡើង។ ការទិញលក់រយៈពេលខ្លី ឬជាភាសាបច្ចេកទេស “ការឆ្លៀតឱកាសរកចំណេញ ឬ Speculation” ក៏ជំរុញឱ្យមានការប្រែប្រួលថ្លៃអចលនទ្រព្យខ្លាំងផងដែរ ព្រោះនៅពេលដែលរបស់មួយបន្ដកើនឡើង មនុស្សមាននិន្នាការទិញលក់ដើម្បីបានផលចំណេញក្នុងរយៈពេលខ្លី។ តើអ្វីខ្លះជាបទពិសោធពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជា? នៅឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជាបានកម្រិតប្រាក់កម្ចី សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ត្រឹមតែ ៨%នៃផលប័ត្រប្រាក់កម្ចីសរុប ឬគេស្គាល់ជាភាសាបច្ចេកទេស “Loan Portfolios” របស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ វិធានការនេះបានរុញច្រានឱ្យវិស័យនេះត្រូវជាប់គាំងបន្ដិចផងដែរ ព្រោះថាគម្រោងអភិវឌ្ឍន៍អចលទ្រព្យភាគច្រើនបំផុត គឺប្រើប្រាស់កម្ចី។ ដូច្នេះ នៅពេលម្ចាស់គម្រោងមិនអាចទទួលបានកម្ចី ពួកគេនឹងបញ្ឍប់គម្រោង ហើយចុងក្រោយគម្រោងយ៉ាងច្រើននឹងជាប់គាំង រហូតដល់វិស័យទាំងមូល។ នេះប្រហែលជាមូលហេតុមួយដែលធនាគារជាតិនៃកម្ពុជា នាពេលបច្ចុប្បន្ន មិនដាក់ចេញនូវវិធានការបែបនេះ។ គិតមកដល់ឆ្នាំ២០២២ កម្ចីធនាគារដែលផ្តល់ដល់វិស័យធំៗបានកើនឡើង ១៩,៣ភាគរយ បើធៀបនឹងឆ្នាំមុន នៅពេលដែលវិស័យសំណង់ និងអចលនទ្រព្យទទួលបានប្រហែល១៨ភាគរយនៃទំហំទឹកប្រាក់កម្ចីសរុបចំនួន ៤៦ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នភាពនៃវិបត្តិសកលអន្ដរជាតិ ការដើរយឺតនៃវិស័យអចលទ្រព្យនៅកម្ពុជាមិនអាចកាត់ផ្ដាច់ពីវិបត្តិសកលផ្សេងៗនាពេលបច្ចុប្បន្នបានទេ។ ភាពអាប់អួនៅតែបន្ដកើនឡើងមាននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ ក្រៅពីនេះកត្តាភូមិសាស្ត្រនយោបាយក៏ជះឥទ្ធិពលខ្លាំងផងដែរលើពិភពលោក។ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាង ប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស ក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្អែកតាមអ្នកជំនាញ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើតមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការវិលត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន៕
    3/20/2023
    5:25
  • ប្រឈម​នឹង​​ការ​ផ្តុំគ្នា​រករឿង​ពី​លោក​ខាងលិច ចិន​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ទំនើប​ដោយ​​​ខ្លួនឯង
    ជាមួយនឹងការចូលកាន់ការងារ នៃរដ្ឋាភិបាលថ្មីរបស់ចិន ចិន​បាន​ប្រកាសគំរោងដ៏ធំជាច្រើន ដើម្បី​ធ្វើកំណែទម្រង់លើ​ស្ថាប័នខ្លួន​ ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវ​​បច្ចេកវិទ្យាទំនើប​។ ជាការធ្វើកំណែទម្រង់ ដែលចិនអះអាងថា ដើម្បីពង្រឹងសមត្ថភាព និងស្វ័យភាព​របស់ចិនខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប ដោយមិនពឹងបច្ចេកវិទ្យាគេ ខណៈដែលបច្ចុប្បន្ននេះ ក្រុមប្រទេសលោកខាងលិច កំពុងតែផ្តុំគ្នា រករឿងចិនកាន់តែខ្លាំង នៅក្នុងវិស័យយុទ្ធសាស្ត្រ​នេះ​​។ កាលពីថ្ងៃអង្គារសប្តាហ៍​កន្លងទៅ រដ្ឋាភិបាលថ្មីរបស់ចិន បានប្រកាសនូវផែនការធ្វើកំណែទម្រង់ជាច្រើន ទៅលើស្ថាប័នរដ្ឋ។ ផែនការ​កំណែទម្រង់ស៊ីជំរៅ ដែលនឹងត្រូវអនុម័តជាផ្លូវការ​ដោយសភាប្រជាមានិតចិន នៅថ្ងៃសុក្រខាងមុខនេះ​។ អ្វីដែលជាការកត់សំគាល់ធំបំផុតនោះ គឺផែនការកំណែទម្រង់ ទៅលើវិស័យ​បច្ចេកវិទ្យាទំនើប ​តាមរយៈផែនការ​កំណែទម្រង់នេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ចិន​ នឹង​​ត្រូវពង្រឹង​តួនាទី​ទទួលខុសត្រូវ ដូចជាក្នុងការរៀបចំសម្របសម្រួល និងជួយជំរុញឲ្យ​ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្លាយចេញជា​លទ្ធផល​ជាក់ស្តែង​ ក្នុងការអនុវត្ត។​ ក្រសួងដ៏សំខាន់នេះ នឹងមានកាតព្វកិច្ចផងដែរ ធ្វើយ៉ាងណា ផ្តល់សន្ទុះឲ្យ​មានប្រសិទ្ធភាពខ្ពស់បំផុត ដល់បណ្តាញ​ស្រាវជ្រាវ រកគំនិតច្នៃប្រឌិតថ្មី និង​ក្នុងវិស័យវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាទំនើប​។​ ចិននឹងបង្កើតផងដែរ នូវស្ថាប័ន​ថ្មីមួយ ឈ្មោះថាការិយាល័យជាតិគ្រប់គ្រងទិន្នន័យ ដែលនឹងមានតួនាទី ចាត់ចែង​គ្រប់គ្រងទិន្នន័យ​លើបណ្តាញអ៊ីនធ័រនិត។ ស្ថាប័នថ្មីនេះ ក៏នឹងត្រូវ​​ជួយលើកកំពស់ជាទូទៅ ដល់វិស័យសេដ្ឋកិច្ច​លើ​បណ្តាញបច្ចេកវិទ្យា និង​រៀបចំបង្កើតហេដ្ឋារចនាសម្ព័ន្ធ​ថ្មីនិងចាំបាច់ ​ដើម្បី​អភិវឌ្ឍន៍វិស័យនេះ។ អំណេះតទៅ សហគ្រាស អាជ្ញាធររដ្ឋ អ្នកស្រាវជ្រាវ ក៏ដូចជា​វិស្វករចិនទាំងអស់ នឹងត្រូវរួម​កម្លាំងគ្នា ប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាព​ជាតិ ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍​ផលិត​។ ជាផែនការដ៏ចាំបាច់ ដើម្បីឲ្យចិនអាចមាន​កម្លាំង ប្រឈមជាមួយ​ការដាក់ឧបសគ្គ កាន់តែច្រើនឡើងៗ ពីសំណាក់រដ្ឋាភិបាលអាមេរិក និង​បក្សពួក​សម្ព័ន្ធមិត្តលោកខាងលិច មកលើ​ក្រុមហ៊ុន​បច្ចេកវិទ្យារបស់ចិន​។ ​គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ច​​ធំបំផុតទាំង២ បាន​ចាប់ផ្តើម​ប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងយ៉ាងចំហបំផុត នៅក្នុងវិស័យ​បច្ចេកវិទ្យាទំនើប តួយ៉ាងដូចជាក្នុងវិស័យ​ផលិត​​ឧបករណ៍សឺមីកុងដុកទ័រ។ ឧបករណ៍នេះ គឺជាធាតុផ្សំយ៉ាងសំខាន់ ដែលគេត្រូវការជាចាំបាច់ ដើម្បីផលិត​សម្ភារៈបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃស្មាតហ្វូន រថយន្តទំនើប ឬក៏​គ្រឿងអាវុធយុទ្ធភណ្ឌទំនើប​ផ្សេងៗ។​ ដោយ​លើកឡើង ពីហេតុផល​សន្តិសុខជាតិ រដ្ឋាភិបាលអាមេរិក បានចេញបទបញ្ជា ដាក់ទណ្ឌកម្ម​ទៅលើសហគ្រាសចិន ដែល​ផលិត​ឧបករណ៍​សឺមីកុងដុកទ័រ។ អាមេរិក​បាន​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុនចិនទាំងនោះ អាច​ទទួលយកបច្ចេកវិទ្យាទំនើប​របស់អាមេរិក យកទៅប្រើ​ដើម្បី​ផលិត​ឧបករណ៍​សឺម៉ីកុងដុកទ័រនៅចិន​។​ នៅក្នុងពេល​ប្រកាសអំពីផែនការកំណែទម្រង់ កាលពីថ្ងៃអង្គារសប្តាហ៍​មុន លោក Xioa Jie អគ្គលេខាធិការ​រដ្ឋាភិបាល​​ចិន បាន​លើក​ឡើងថា អំណេះតទៅ ចិនត្រូវតែប្រឹងប្រែងប្រឈមជាមួយ​ ការលំបាក ឧបសគ្គ​ជាច្រើន ដែល​ត្រូវបាន​ដាក់​ដោយ​ការប្រកួតប្រជែងអន្តរជាតិ នៅក្នុងវិស័យ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោកទទួលស្គាល់ថា ឧបសគ្គទាំងនេះ គឺវាគួបផ្សំបន្ថែម ដោយ​ការប្រមូល​ផ្តុំ​គ្នារបស់បរទេស ដើម្បីធ្វើបាប និង​ដាក់សំពាធមកលើចិន​។ ដូច្នេះ ចិនត្រូវតែរៀបចំ​ ពង្រឹងសមត្ថភាពខ្លួន ក្នុងវិស័យវិទ្យាសាស្រ្ត​​ បច្ចេកវិទ្យា​ ធ្វើយ៉ាងណា អាចយកឈ្នះឧបសគ្គលំបាកទាំងនេះ ហើយ​និងឈានទៅមាន​ស្វ័យភាព មិនពឹងអ្នកដ៏ទៃ នៅក្នុងវិស័យនេះ។ សូមបញ្ជាក់ថា ក្រៅពីផែនការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ រដ្ឋាភិបាលថ្មីរបស់ចិន ក៏មានគម្រោងផងដែរ ក្នុងការកាត់បន្ថយ​បុគ្គលិកចំនួន​៥% ពី​តាមស្ថាប័ន​រដ្ឋ​។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បុគ្គលិកទាំងនេះនឹងត្រូវគេដកយកទៅដាក់ វិស័យ​មួយចំនួន​ផ្សេងទៀតដែលត្រូវការសមត្ថភាពនិងកម្លាំង​។​ ក្រៅពីនេះ អង្គភាព​គ្រប់គ្រងវិស័យធនាគារនិង​ធានារ៉ាប់រ៉ងចិនបច្ចុប្បន្ននេះ នឹងត្រូវជំនួសដោយ ស្ថាប័នថ្មីមួយ ដែលនឹងមានតួនាទីគ្រប់គ្រងវិស័យហិរញ្ញវត្ថុទាំងមូលតែម្តង។ នៅក្នុងសុន្ទរកថា ចូលកាន់តំណែងអាណត្តិទី៣ លោក​ប្រធានាធិបតីស៊ី ជីនពីងបានថ្លែងថា ចិនត្រូវពង្រឹងសមត្ថភាពខ្លួន​ក្នុងការផលិត។ លោក​បន្តថា ប្រទេសដែលមានប្រជាជន​ ដល់ទៅ​១៤០០លាននាក់ដូចជាចិន មិនអាចពឹងអ្នកណាផ្សេង ក្រៅពីពឹងខ្លួនឯងឡើយ ដើម្បីឈានទៅ​កសាង​វិស័យ​កាម្មន្តសាលខ្លាំងរឹងមាំ ទំនើបថ្មី ហើយ​កាន់តែគោរពបរិស្ថាន​ធម្មជាតិ​។​ គួរកត់សំគាល់ដែរថា បច្ចុប្បន្ននេះ​ ខណៈដែលសេដ្ឋកិច្ចសកល​លោក​កំពុងតែជួបវិបត្តិរាំងស្ទះរួចទៅហើយ សេដ្ឋកិច្ចចិនកំពុងតែរងសំពាធ ដោយ​សារតែ​ប្រទេស​លោក​ខាងលិចជាច្រើន ចាប់​ផ្តើមងាកមុខ​ចេញពីចិន។ ប្រទេសខ្លះ ដូចជា ឥណ្ឌា និងវៀតណាមជាដើម បាន​ក្លាយ​ជាគូប្រកួតប្រជែងរបស់ចិន នៅលើទីផ្សារផលិត​កម្ម​។ ចិនត្រូវប្រឹងគ្រប់មធ្យោបាយ ដើម្បីទាក់ទាញ​ក្រុមហ៊ុន​បរទេស ឲ្យ​បន្តវិនិយោគ ឬបញ្ជាទិញជាមួយក្រុមហ៊ុនខ្លួន​។ តាមការគ្រោងទុក រដ្ឋសភាប្រជាមានិតចិន នឹងបោះឆ្នោតអនុម័តផែនការកំណែទម្រង់ទាំងអស់របស់រដ្ឋាភិបាល នៅថ្ងៃសុក្រទី ១៧មីនា។ លទ្ធផល​បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ដែល​នឹងគ្មាននរណាភ្ញាក់ផ្អើល​នោះទេ។ លោក Changhao Wei អ្នកស្រាវជ្រាវម្នាក់នៅ​សកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានពន្យល់ថា តាមធម្មតា សភាចិន​តែងតែបោះឆ្នោត​គាំទ្រ ផែនការកំណែទម្រង់ ដែលរដ្ឋាភិបាល​ដាក់ស្នើមក នៅរៀងរាល់​ពេលចាប់ផ្តើម​អាណត្តិ៥ឆ្នាំថ្មី របស់​ប្រធានាធិបតី​ចិន។ លោកអះអាងថា ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ជាមួយនឹងគណបក្ស​កុម្មុយនីស្តចិន ក៏អាចមាន​ការវិវឌ្ឍន៍ថ្មីបន្ថែមដែរ ជាមួយនឹងផែនការកំណែទម្រង់លើកនេះ។ ជាងនេះទៀត គឺវាអាចទៅរួច ដែលលោក​ស៊ី ជីនពីង និង​គណបក្សកុម្មុយនីស្តចិន នឹងប្រើប្រាស់​ផែនការកំណែទម្រង់នេះ ដើម្បី​រឹតបន្តឹងក្តាប់អំណាចគ្រប់គ្រងកាន់តែខ្លាំងឡើងថែមទៀត៕
    3/14/2023
    5:53
  • ឈ្វេងយល់អំពីការដួលរលំធនាគារដ៏ធំមិនធ្លាប់មាននៅអាមេរិកចាប់តាំងពីឆ្នាំ២០០៨
    ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក កំពុងតែ​រំជើបរំជួល​យ៉ាងខ្លាំង ក្រោយ​ពី​មាន​ការដួលរលំ​ធនាគារ​ឈ្មោះ SVB (Silicon Valley Bank) ​ដែល​ជា​ធនាគារ​ដ៏ធំមួយ នៅ​អាមេរិក កាលពីថ្ងៃ​សុក្រ។ ការដួលរលំ​ធនាគារ​ដ៏ធំ​មួយនេះ​​កំពុងតែ​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ អំពី​ការ​រីករាលដាល ទៅ​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ ដូចកាល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល កាល​ពី​ឆ្នាំ២០០៨​កន្លងទៅ។ តើ​ហេតុអ្វី​បាន​ជា​ធនាគារ​ដ៏ធំមួយ ស្រាប់តែ​ត្រូវ​ដួលរលំ​ភ្លាមៗ ក្នុងរយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​បែបនេះ? ធនាគារ​អាមេរិក ដែល​រលំ កាល​ពីថ្ងៃ​សុក្រ​កន្លងទៅនេះ មាន​ឈ្មោះ​ថា Silicon Valley Bankហៅកាត់ដោយខ្លីថា SVBភាគច្រើន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ប្រភេទ Startup នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ SVB គឺ​ជាធនាគារ​ដ៏ធំលំដាប់ទី ១៦ នៅ​អាមេរិក មាន​ទ្រព្យសកម្ម​​រហូត​ដល់​ទៅ​ជាង ២០០ពាន់លាន​ដុល្លារ គិត​ត្រឹម​ចុងឆ្នាំ២០២២​កន្លងទៅ។ មូលហេតុ​ដែល​នាំ​ឲ្យ​ធនាគារ SVB ត្រូវ​ដួលរលំ​នៅពេលនេះ បើ​និយាយ​ឲ្យខ្លី គឺ​មក​ពី​​​អតិថិជន​ នាំ​គ្នា​សម្រុក​ទៅដក​លុយ​ចេញ​ពី​ធនាគារ។ ក៏ប៉ុន្តែ ​ដំណើរដើមទង រហូត​នាំ​ទៅ​ដល់​ចលនា​សម្រុក​ទៅ​ដក​លុយ​យ៉ាងគំហុក​នេះ គឺ​វាមាន​ជាប់ទាក់ទង​ទៅនឹង​កត្តា​ច្រើន​ផ្សេងទៀត។ បញ្ហា​ចម្បង​របស់​ធនាគារ SVB គឺ​​ចាប់ផ្តើម​ចេញ​ពី​ការ​ដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល​អាមេរិក។ ការដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល​នេះ វា​គឺ​ជា​វិធានការ​ចម្បង ដើម្បី​ទប់ស្កាត់​វិបត្តិ​អតិផរណា ក៏ប៉ុន្តែ វាបង្កើត​ជា​បញ្ហា​ សម្រាប់ធនាគារ SVB ដែល​ធ្លាប់តែ​ទាញ​ផលចំណេញ​ពី​លំហូរសាច់ប្រាក់ ដោយសារ​អត្រាការប្រាក់ទាប។ បញ្ហា​ចម្បង​ទីមួយ គឺ​នៅត្រង់ថា ការដំឡើង​អត្រា​ការប្រាក់​ វា​ធ្វើ​ឲ្យ​លំហូរសាច់ប្រាក់​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​​​មិន​សូវ​សម្បូរ​ដូចមុន ធ្វើ​ឲ្យ​កំណើន​ទីផ្សារ​មូលបត្រ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ត្រូវ​យឺតយ៉ាវ​ជាងមុន បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​ការរកស៊ី​របស់​ SVB ដែល​ផ្តោត​ចម្បង​ទៅលើ​វិស័យ​បច្ចេកវិទ្យា។ បន្ថែម​ពីលើ​នេះ​ទៅទៀត ការដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល វា​ក៏​ធ្វើ​ឲ្យ​​ប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ ទៅលើ​តម្លៃ​មូលបត្រ​បំណុល​រយៈពេល​វែង។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មូលបត្រ​បំណុលរយៈពេល ១០ឆ្នាំ ​របស់​រតនាគារ​អាមេរិក អាច​ផ្តល់​ការប្រាក់​រហូតដល់​ទៅ ៣,៩% ឯណោះ ក្នុងពេល​ដែល​មូលបត្រ​បំណុល​​ប្រមាណ​ជា ២១ពាន់​លាន​ដុល្លារ ​ដែល​ធនាគារ SVB មាន​ក្នុងដៃ ហើយ​ដែល​ភាគច្រើន​ជា​មូលបត្រ​បំណុល​រតនាគារ​អាមេរិក អាច​ផ្តល់​ការប្រាក់​ត្រឹមតែ​ ១,៧៩% ប៉ុណ្ណោះ។ ក្នុងពេល​ជាមួយគ្នា ការធ្លាក់​ចុះ​នៃ​លំហូរវិនិយោគ​​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ធ្វើ​ឲ្យ​ក្រុមហ៊ុន Startup ដែល​ជា​អតិថិជន​របស់​ SVB ហើយ​ដែល​កន្លងមក​នាំគ្នា​យក​លុយ​មក​ទុក​ក្នុង​ធនាគារ ក៏​ចាប់ផ្តើម​នាំគ្នា​មក​ដក​លុយ​ពីធនាគារ​វិញ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​តម្រូវការ​លំហូរ​សាច់ប្រាក់​របស់​ខ្លួន។ ប្រឈម​នឹង​តម្រូវការ​សាច់ប្រាក់​ដើម្បី​បើក​ឲ្យ​អតិថិជន​នេះ ធនាគារ SVB ​ក៏​បានលក់​ចេញ​មូលបត្រ​​ទាំង ២១ពាន់លាន​ដុល្លារ ដោយ​សុខចិត្ត​ខាត​លុយ​រហូត​ដល់​ទៅ ១,៨ពាន់លាន​ដុល្លារ ហើយ​កាល​ពីថ្ងៃ​ពុធ ៨មីនា ក្រៅពី​បាន​ប្រកាស​ឲ្យដឹង​ពី​ការ​ខាត​លុយ ១,៨ពាន់លាន​ដុល្លារ​នេះ ធនាគារ SVB ​បាន​ប្រកាស​ផងដែរ ដាក់​​លក់​ភាគហ៊ុន​ថ្មី​​របស់​ខ្លួន​ចំនួន ២,២៥ពាន់ដុល្លា ដើម្បី​​ប្រមូល​លុយ​មក​បំពេញ​តម្រូវការ​សាច់ប្រាក់។ ក៏ប៉ុន្តែ ដំណឹង​មិនល្អ​​ទាំងពីរ​ផ្ទួនៗ​គ្នា គឺ​ធនាគារ​ខាតលុយ​​ផង ហើយ​ត្រូវការ​សាច់ប្រាក់​ផង​បែបនេះ វាធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ SVB ត្រូវ​ធ្លាក់ដាំដូង ហើយ​ភាគហ៊ុន​ថ្មី ដែល​ត្រូវ​លក់​ ដើម្បី​ប្រមូលលុយ​មក​បំពេញ​តម្រូវការ​សាច់ប្រាក់ ក៏​មិនមាន​អ្នក​ចង់ទិញ។ ក្នុងពេល​ជាមួយគ្នា អតិថិជន​មាន​លុយ​ទុក​ក្នុង​ធនាគារ ក៏​នាំគ្នា​ភ័យ ហើយ​សម្រុក​មក​ដកលុយ​ចេញ​ពី​ធនាគារវិញ។ គ្រាន់តែ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​មួយ ធនាគារ SVB បាន​ទទួល​បញ្ជា​ដកលុយ​ពី​អតិថិជន គិតជាទឹកប្រាក់​សរុប​រហូតដល់​ទៅ ៤២ពាន់លាន​ដុល្លារ។ ចំណែក​តម្លៃ​ភាគហ៊ុន​វិញ ត្រូវ​ធ្លាក់​ចុះ​រហូតដល់​ទៅ ៦០%។ ចូល​ដល់​ថ្ងៃ​​សុក្រ ត្រឹមតែ ៤៨ម៉ោង ក្រោយ​ពី​ប្រកាស​ខាតលុយ និង​លក់​ភាគហ៊ុនថ្មី ធនាគារ SVB ក៏​ត្រូវ​រលំ ដោយ​ការលក់​ភាគហ៊ុន​របស់​ធនាគារ​នៅលើ​ទីផ្សារ​ត្រូវ​បានបញ្ឈប់ ធនាគារ​ទាំងមូល​ត្រូវ​បាន​អាជ្ញាធរ​បិទទ្វារ ហើយ​ទ្រព្យ​របស់​ធនាគារ​ត្រូវ​បាន​យក​មក​ដាក់​ក្រោម​ការ​ចាត់ចែង​ជា​បណ្តោះអាសន្ន​ដោយ​រដ្ឋាភិបាលសហព័ន្ធអាមេរិក។ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ និង​ជាពិសេស ដើម្បី​រំងាប់​ក្តីបារម្ភ​របស់​សាធារណជន និង​បញ្ចៀស​ការ​សម្រុក​ទៅ​ដក​លុយ​ពី​ធនាគារ រដ្ឋាភិបាល​របស់​លោក​ចូ បៃដិន បាន​​​ប្រកាស​ចេញមុខ​ធានា​​លើ​លុយតម្ក​ល់​របស់​អតិថិជន​ធនាគារ។ ក៏ប៉ុន្តែ គេ​នៅមិនទាន់​អាច​ដឹង​​ប្រាកដ​នៅឡើយទេ​ថា តើ​ការ​ចេញ​មុខធានា​របស់​រដ្ឋាភិបាល​នេះ​អាច​នឹង​ទប់ទល់​ការរីករាលដាល​នៃវិបត្តិ​នេះ​បាន​ប៉ុណ្ណា ដោយ​ជាក់ស្តែង គេ​សង្កេតឃើញ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ តម្លៃភាគហ៊ុន​នៅលើ​ទីផ្សារ នៅស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោក នៅតែ​បន្ត​ធ្លាក់​ចុះ​ខ្លាំង​នៅឡើយ ជាពិសេស ភាគហ៊ុន​របស់​ធនាគារ៕
    3/13/2023
    4:45

Andere hörten auch

Über ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Sender-Website

Hören Sie ទស្សនៈព្រឹត្តិការណ៍ពិភពលោក, ភ្ញៀវប្រចាំថ្ងៃ und viele andere Radiosender aus aller Welt mit der radio.at-App

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Jetzt kostenlos herunterladen und einfach Radio & Podcasts hören.

Google Play StoreApp Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Zugehörige Podcasts

ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Zugehörige Sender